សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា។ ឯកអគ្គរាជទូតទាំង៧រូបនោះ រួមមាន៖
១-ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ
២-ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់
៣-ឯកឧត្តម សុក ជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល
៤-ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
៥-ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
៦-ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវេនី និងប្រទេសអ៊ុយក្រែន
៧-ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី។
ប្រភព៖នាយកដ្ឋានព័ត៌មាន